កូនខ្មែរកំពង់ធំ

ចូលរួមចែករំលែកនូវចំណេះដឹងដើម្បីអ្នកគ្រប់គ្នា!

ពុទ្ធប្រវតិ្តសង្ខេប

រាជវង្ស កំណើត

​​         ព្រះបាទសុទ្ធោទនរាជវង្សគោត្តមព្រះរាជាបក្សសម្ព័ន្ធសាក្យៈសោយរាជសម្បត្តិនៅនគរ កបិលពស្តុព្រះអគ្គមហេសីព្រះនាមសិរិមហាមយាជាបុត្រីព្រះរាជាបក្សសម្ព័ន្ធកោឌយៈនៅនគរទេវទហៈ

ជាប់ព្រំដែននគរកបិលពស្តុព្រះនាងសិរិមហាមយាទ្រង់បានសុបិន្និមិត្តឃើញដំរីសមួ យមានភ្លុក៦ចុះពីស្ថានតុសិតហើយចូលមកក្នុង ព្រះឧទរព្រះនាងផ្នែកខាងស្តាំទំនាយថាព្រះ នាងនឹងមានរាជបុត្រមួយព្រះអង្គប្រកបដោយបុណ្យបារមីយ៉ាងលើសលុបខ្ពស់អស់សព្វសត្វទាំងពួង


តាមរឿងនិទានខ្លាះថាទេវបុត្តសន្តុសិតយាងចុះពីឋានតុសិតមកចាប់កំណើតក្នុងផ្ទៃព្រះនាង។ ព្រះនាងសិរិមហាមយាទ្រង់ធ្វើដំណើរយាងទៅកាន់នគរទេវទហៈ ដើម្បីរៀបចំប្រសូតបុត្រ ព្រោះតាមទំនៀមទម្លាប់នៃព្រះរាជា នាសម័យនោះភរិយាត្រូវទៅប្រសូត្របុត្រនៅនគរឬផ្ទះ
ខាងភរិយា។ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរមកដល់ព្រំដែននៃនគរទាំងពីរក្នុងព្រៃលុម្ពិនីទ្រង់ក៏

ប្រសូតបុត្រនៅក្រោមសាលព្រឹក្ស ព្រះពុទ្ធទ្រង់ប្រសូត្រនៅថ្ងៃសុក្រ១៥កើតពេញបូរណមីខែពិសាខ ឆ្នាំច។

ពិធីថ្វាយព្រះនាម
ក្រោយពីព្រះរាជឳរសប្រសូតបានប្រាំថ្ងៃពិធីរៀបចំថ្វាយព្រះនាមថាសិទ្ធត្ថប្រែថាអ្នកសំរេចប្រយោជន៏គ្រប់យ៉ាង ត្រូវបានរៀបចំធ្វើឡើងដោយព្រាហ្មណ៍៨នាក់ ព្រាហ្មណ៍៧ម្នាក់លើម្រាមដៃពីរទាយថាបើព្រះរាជកុមារស្ថិតនៅជាក្សត្រព្រះអង្គនឹង បានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួសនឹង បានត្រាស់ជាព្រះពុទ្ធ ព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះកោណ្ឌញ្ញព្រាហ្មណ៍លើកម្រាមដៃតែមួយទាយ ថា ព្រះរាជកុមារ ប្រាកដជាបានត្រាស ប្រសូត្របាន៧ថ្ងៃ ព្រះមាតាព្រះនាងសិរិមហាមយាទ្រង់សោយទីវង្គត់ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆា ព្រះនាងមហាបជាបតីគោតមីបីបាច់រក្សាតមក។

រាជាភិសេក

ព្រះសិទ្ធត្ថទ្រង់ចំរើនព្រះជន្មបាន១៦ឆ្នាំទ្រង់បានរៀបអភិសេកជាមួយបុត្រីស្តេចសុប្ប ពុទ្ធព្រះនាមពិម្ពាយសោធរាដែលជានារីល្អលើសអស់សព្វនារីទាំងពួង។ ដោយចង់អោយព្រះ សិទ្ធត្ថក្លាយជាស្តេចចក្រពត្តិព្រះបិតាព្រះបាទសុទ្ធោទនៈបានរៀបចំចាត់ ចែងគ្រប់យ៉ាងដើម្បី
ឃាត់ឃាំងអោយព្រះសិទ្ធត្ថទ្រង់គង់នៅជាស្តេចព្រះអង្គទ្រង់ចាត់ អោយគេសង់ប្រាសាទបីតំរូវ
ទៅតាមកាលរដូវទាំងបី គឺសំរាប់រដូវក្តៅរដូវរងាររដូវរំហើយ។ ព្រះសិទ្ធត្ថនិងព្រះនាងពិម្ពា មានព្រះរាជបុត្រមួយ អង្គព្រះនាម រាហុល។

ទេពនិមិត្ត៤យ៉ាង

ដោយចង់អោយព្រះសិទ្ធត្ថបានជាស្តេចចក្រពត្តិដូចដែលព្រាហ្មណ៍ទាយទុកនោះព្រះសុទ្ធោទនទ្រង់ចាត់

អោយគេយាមមិនអោយមានមនុស្សចាស់ជរាឈឺឬស្លាប់ អោយ ព្រះសិទ្ធត្ថ
ទ្រង់យល់ឃើញឡើយអ្នកបំរើភីលៀងនៅក្នុងដំណាក់របស់ព្រះអង្គមានសុទ្ធសឹងយុវវ័យទាំងអស់។ ការគង់នៅក្នុងរាជវាំងព្រះសិទ្ធត្ថ ទ្រង់សោយសុខ ដោយកាម លោកីយគ្រប់ប្រការ។
នៅក្នុងរាជវាំងព្រះអង្គទ្រង់ ទតឃើញជារឿយៗភីលៀងអាមាត្យទាំងឡាយដេកលក់ខ្លះហៀរ ទឹកមាត់ខ្លះរបូតសំពត់អាវនៅស្តូកស្តឹងគ្មានវិញ្ញណ ដូចជាអង្គត់ឈើមួយដុំធ្វើអោយព្រះអង្គ
ទ្រង់មានការខ្វល់ខ្វាយអផ្សុកក្នុងព្រះកាយយ៉ាងខ្លាំង។ព្រះអង្គក៏ចេញទៅក្រសាល ក្នុងឧទ្យាន
នាព្រះបរមរាជវាំងដែលព្រះអង្គទ្រង់បានជួបទេពនិមិត្ត ៤ប្រការដូច នេះ ៖
១-ទេពនិមិត្ត ជាមនុស្សចាស់ ទេព្តាបាននិមិត្តខ្លួនជាមនុស្សចាស់អោយ ទ្រង់ទតឃើញ ព្រះអង្គក៏ទ្រង់សួរទៅសេនាមាត្យថានេះជាអ្វី? ពួកសេនាមាត្យក៏ទូលព្រះអង្គថាព្រះករុណា
លោកម្ចាស់នេះគឺជា«មនុស្សចាស់»។
២-ទេពនិមិត្ត
ជាមនុស្សឈឺ ការក្រសាលនៅក្នុងសួនឧទ្យាន បានបន្តទៅមុខទៀតទេពនិមិត្តទ្រង់និមិត្តជា មនុស្សកំពុងឈឺក្តៅក្រហល់ក្រហាយនៅក្នុងខ្លួនដោយអាការៈរោគផ្សេងៗ ព្រះអង្គក៏ទ្រង់សួរ
ទៅសេនាមាត្យទៀតថា ចុះនេះជាមនុស្ស យ៉ាងម៉េច?ពួកសេនាមាត្យក្រាបទូលថាព្រះករុណា លោកម្ចាស់មនុស្សនេះកំពុងមានជំងឺ ។
៣-ទេពនិមិត្តជាមនុស្សស្លាប់ ទេពនិមិត្តនៅក្នុងសួនឧទ្យានបានមកនិមិត្តជាមនុស្ស កំពុងដេក
ស្លាប់ហើមស្អុយរលួយគួរជាទីខ្ពើមរអើមក្រៃពេក ដោយ ព្រះអង្គមិនដែលទ្រង់ បានទតឃើញ ក៏សួរទៅសេនាមាត្យដូចមុនដែរសេនាមាត្យក៏ក្រាបទូលថាមនុស្សយើងតែងមានការបែកធ្លាយ
រូបកាយ ស្លាប់យ៉ាងនេះ ព្រះករុណាលោកម្ចាស់។
៤ ទេពនិមិត្តជាអ្នកបួស ទេពនិមិត្តបីប្រការគឺចាស់ជរាឈឺស្លាប់ធ្វើអោយព្រះសិទ្ធត្ថទ្រង់សង្វេគ
ជាពន់ពេកទ្រង់ធ្វើការពិចារណាទៅលើរូបកាយ ដោយព្រះអង្គឯងថាបណ្តារូបកាយនៃសត្វ លោកទាំងឡាយនេះនឹងមានសភាវចាស់ឈឺនិងឈានដល់ការបែកធ្លាយស្លាប់ទៅវិញយ៉ាងនេះឯងហ្ន៎តើមានថ្នាំឯណាមានផ្លូវឯណាគេចអោយរួចផុតពីការចាស់ ឈឺស្លាប់នេះបានទេ? កំពុងតែគិតសង្វេគដូចនេះទេពនិមិត្តនិមិត្តជាសមណអ្នកបួស យ៉ាងស្រគត់ស្រគមគួរជាទីជ្រះ
ថ្លានៃសត្វលោកទាំងឡាយព្រះអង្គទតឃើញទៀតព្រះអង្គទ្រង់ មានសទ្ធាពេញហទ្ឬយ ត្រេក
អជាក្រៃពេកចំពោះសមណភេទនេះ។

ការសាងផ្នួស

 

 

 

 

 

 

 

 

 

 


ក្នុងព្រះជន្ម២៩ឆ្នាំព្រះសិទ្ធត្ថគោតមមានការនឿយណាយខ្ពើមរអើមរូបសង្ខារនិងលោក
សន្និវាសនេះយ៉ាងខ្លាំងហើយព្រះអង្គសព្វព្រះហឫទ័យដោះស្រាយបញ្ហាជិវិត ដោយការចេញ
សាងព្រះផ្នួស ដើម្បីស្វែងរកនូវព្រះសម្មា សម្ពោធិញាណធម៌។ កណ្តាល រាត្រីស្ងាត់ព្រះសិទ្ធត្ថ ចូលទៅបបោសអង្អែលរាហុលបុត្រាជាទី ស្រលាញ់ងាកបែរសំលឹងទៅភរិយា ពិម្ពាកំពុងលង់
លក់ក្នុងបន្ទុំមានដំណាលថាទេវតានៅស្ថានសន្តុសិត បានចុះមកជួយព្រះសិទ្ធត្ថដោយធ្វើ
អោយព្រះនាងពិម្ពារនិងរាហុលលង់លក់ក្នុងបន្ទំយ៉ាងស៊ប់ ដើម្បីកុំអោយភ្ញាក់ធ្វើការរំខានដល់
ការសំរេចចិត្តរបស់ព្រះអង្គហើយជិះសេះរាជរដ្ឋជូនដំណើរព្រះសិទ្ធត្ថទៅដល់ព្រៃទៅហោង ។
ព្រះអង្គទ្រង់ដកព្រះខ័នចាប់ក្តាប់កោរព្រះកេសាហើយអធិដ្ឋានថា បើអាត្មាអញនេះ ពិតជាបាន
ត្រាស់ជាព្រះពុទ្ធមែនចូរកេសាទាំងឡាយនៃអាត្មាអញនេះឈប់ដុះតទៅទៀតចុះអធិដ្ឋានហើយ
ព្រះសិទ្ធត្ថទ្រង់បាចព្រះកេសាទាំងឡាយឡើងទៅលើ អាកាសហ្វូងទេវតាទាំងឡាយកាន់ ភាជន៍មាសមកទទួលត្រងយកទៅទុកនៅស្ថានទេវលោកក្នុងគ្រានោះទៅ។កោណ្ឌញ្ញ
ព្រាហ្មណ៍គឺព្រាហ្មមួយអង្គក្មេងជាងគេដែលកាលធ្វើពិធីថ្វាយព្រះនាមបានទាយថាព្រះអង្គពិត
ជាបានត្រាស់ដឹងជាព្រះពុទ្ធនោះកាលបើដឹងថាព្រះសិទ្ធត្ថចេញសាងផ្នួសហើយ ក៏មានសទ្ធា
ជ្រះថ្លារួមជាមួយសមណ៤អង្គទៀតចេញទៅបួសតាមបំរើព្រះអង្គដែរអ្នកបួសទាំង៥នាក់នោះហៅថា បញ្ចវគិយ៍ភិក្ខុ។

ការសិក្សា និងទុក្ករកិរិយា


កាលបានបួសស្រេចបាច់អស់ហើយព្រះសិទ្ធត្ថគោត្ដមទ្រង់បានចូលទៅធ្វើការសិក្សាធម៌
ក្នុងសំណាក់ព្រាហ្មណ៍តាបសពីរព្រះអង្គមាននាមថាអាឡារតាបស១ និងឧទកតាបស១ ដោយយល់ថាក្នុងសំណាក់តាបសទាំងពីរព្រះអង្គពុំអាចស្វែងរកសម្មាសម្ពោធិញាណ នៃការ
ត្រាស់ដឹងបាន ព្រះអង្គក៏បានសំរេច ព្រះទ័យលាចាកតាបស ទាំងពីរហើយ ស្វែងរកសច្ចៈធម៌ ដោយព្រះអង្គឯងវិញ។
ព្រះអង្គទ្រង់ធ្វើទុក្ករៈកិរិយាការប្រតិបត្តិធម៌យ៉ាងតឹងរឹងធ្វើអោយមានការ ពិបាក ដល់រូបកាយ យ៉ាងក្រៃលែងដូចជា មានការអត់អាហាររហូតរូបរាងកាយ ស្គាំស្គមជាខ្លាំងការប្រព្រឹត្តទុក្ខរៈ
កិរិយាអស់រយពេល៦ព្រះវស្សាព្រះអង្គក៏នៅតែស្វែងរកសច្ចៈធម៌ពុំបានឡើយ។ មានដំណាលថាមានទេពនិមិត្តបានមកដេញពិនថ្វាយ អោយព្រះអង្គទ្រង់បានសន្តាប់ ដំបូងខ្សែពិនដែលធូរ
ដេញទៅពុំធ្វើអោយមានការពិរោះទេទើបអ្នក ដេញចាប់ផ្តើមរិតខ្សែពិនហើយចាប់ផ្តើមដេញ
ម្តងទៀត ដោយខ្សែពិនរិតតឹងពេកគ្រាន់តែកេះទឹងខ្សែពិនដាច់ប៉ិតតែម្ដងទៅ។ ទេពនិមិត្តជា
នាក់ដេញពិនរៀបចំដាក់ខ្សែពិនជាថ្មីហើយរៀបរំអោយ ត្រូវមិនតឹងពេកមិនអោយធូពេកលុះ
រៀបចំបានត្រូវហើយទើបចាប់ដេញបានជាភ្លេងយ៉ាងពិរោះថ្វាយព្រះអង្គទ្រង់បានសន្តាប់ ព្រះ
សិទ្ធត្ថគោត្ដមទ្រង់ពិចារណាប្រៀបធៀប ការប្រព្រឹត្តប្រតិបត្តិ ដោយយកពិធីដេញពិនជាគោល ឃើញថាការធ្វើប្រតិប័ត្តអោយតឹងរ៉ឹងពេកក៏ជាហេតុមិនអាចនាំមកនូវការ ត្រាស់ដឹងបានឡើយ ហើយការប្រព្រឹត្តប្រតិប័ត្តតឹងរ៉ឹងពេកធ្វើអោយដាច់ក៏ជាហេតុមិនអាចអោយព្រះអង្គដឹងបានឡើយ។
លុះទ្រង់ពិចារណាហេតុផលដូចនេះហើយទើបព្រះអង្គទ្រង់លះបង់ការធ្វើ ទុក្ខរៈកិរិយាចោល ហើយចាប់ផ្តើមសោយអាហារជាធម្មតាវិញ។បញ្ចវគិយ៍ភិក្ខុឃើញដូចនោះក៏គិតគ្នាថា ឱ!.ព្រះ
សិទ្ធត្ថគោតម អស់សេចក្តី ព្យាយាមហើយ តើព្រះអង្គមិនអាចត្រាស់ដឹងជាព្រះពុទ្ធបានឡើយ ហើយក៏បបួលគ្នាឈប់ តាមបំរើព្រះអង្គទៀតតាំងពីនោះមក ។

ការត្រាស់ដឹង

ក្រោយពីលះបង់ចោលការធ្វើទុក្ខរៈកិរិយាព្រះសិទ្ធត្ថក៏ចាប់ផ្តើមប្រព្រឹត្តប្រតិបត្តិ តាមបែបមជ្ឈិមបដិបទាវិញព្រះអង្គទ្រង់យ៉ាងទៅកាន់រដ្នមគធក្នុងស្រុកពោធិគយា ទ្រង់យាងទៅ ដល់មាត់ស្ទឹងនេរញ្ជរាដ៏មានទឹកថ្លាគួរជាទីស្នាក់អាស្រ័យនៃសមណទាំងឡាយទ្រង់គង់នៅក្រោមដើម

ពោធិព្រឹក្សមួយខាងលិចស្ទឹងបែរព្រះភ័ក្តទៅទិសបូព៌ទ្រង់យកស្បូវភ្លាំងដែលសាត្ថីយ កុមារប្រគេននៅតាមផ្លូវទៅក្រាលធ្វើជាកំរាលគង់ពីលើមានសេចក្តីដំណាលថារតនបល័្លង្គ
មួយកំពស់១៤ហត្ថផុសទ្រព្រះអង្គពីក្រោមព្រះសិទ្ធត្ថទ្រង់គង់ ភ្នែនពែនព្រះបាទលើរតនបល្ល័ង្គ ដោយសុខស្រួលហើយតាំងអារម្មណ៍អធិដ្ឋានដោយអង្គថា៖«ស្បែកសរសៃ សាច់និងឈាមរបស់អាត្មាអញចូររីងស្ងួតចុះ បើអាត្មាអញមិនបានសំរេចការត្រាស់ដឹងទេអាត្មាអញនឹងមិនក្រោកចាកពីរតនបល្ល័ង្គ នេះឡើយ»។
ព្រះអង្គទ្រង់ ចាប់ផ្តើមចំរើនអានាបានុស្សតិធ្វើព្រះចិន្តាអោយស្ងប់ចាកនីវរណធម៌ទាំងឡាយ ហើយទ្រង់បានសំរេចឈានជាលំដាប់។ ទ្រង់សញ្ជឹងគិតឃើញនូវស្ទឹងសង្ខារខន្ធនិងសញ្ញាខន្ធ ដែលហូរតាមបណ្តោយស្ទឹងរូបខន្ធ និងវិញ្ញាណខន្ធ ទ្រង់ឆ្វេងយល់ឃើញ សត្វលោកកំពុងជាប់ជំពាក់គ្មានទីបញ្ចប់នូវទុក្ខវេទនាក៏ព្រោះតែការភ័ន្ដច្រឡំនៃសញ្ញាខន្ធរបស់គេមនុស្សម្នាក់ៗមានជំនឿថា អ្វីៗដែលជារបស់មិនទៀងទាត់ថាជារបស់ទៀងទាត់អ្វីៗដែលមិនមែនរបស់ខ្លួន អនត្តាថាជារបស់ខ្លួនព្រះអង្គទ្រង់ បានបញ្ចេញអោយឃើញ នូវការយល់ដឹងរបស់ព្រះអង្គ
ចំពោះភាវៈខាងគំនិតប្រាជ្ញាជាប្រភពនៃសេចក្តីទុក្ខ ដូចជាការភ័យខ្លាចខឹងស្អប់ក្រអឺតក្រអាងច្រណែនប្រច័ណ្ឌលោភនិងល្ងង់ខ្លៅជាដើម។សេចក្តី

ទុក្ខប្រភេទនេះមានភាពផ្ទុយស្រលះនិងការពិចារណាដ៏ត្រឹមត្រូវព្រះអង្គទ្រង់ឆ្វេងយល់ យ៉ាងច្បាស់ថាប្រភពទុក្ខទាំងឡាយពិតជាកើត
ឡើងដោយសារអវិជ្ជា។ ដើម្បីរំដោះសេចក្តីទុក្ខនេះត្រូវទំលុះនូវអវិជ្ជា ហើយរុលចូលជ្រៅទៅ
ក្នុងបេះដូងរបស់វានិងវែករកបុព្វហេតុនៃសេចក្ដីពិតនៃស្ទឹងទាំង៥គឺ៖១)រូបខន្ធ ២)វេទនាខន្ធ ៣)សញ្ញាខន្ធ៤)សង្ខារខន្ធ ៥)វិញ្ញាណខន្ធឥឡូវនេះព្រះអង្គទ្រង់បានយល់ច្បាស់ថា ភាពពិត
មិនស្ថិតស្ថេរអនិច្ចំនិងភាពមិនមែន ជារបស់ខ្លួនអនត្តាគឺចាកលក្ខខ័ណ្ឌ ចាំបាច់នៃជីវិតបើគ្មាន
ធម៌អនិច្ចំនិងអនត្តាទេក៏គ្មានអ្វីអាចកើតឡើងចំរើនលូតលាស់បានឡើយ។

ការផ្ចាញ់មា


ក្នុងពេលព្រលប់ព្រះសិទ្ធត្ថទ្រង់គង់លើរតនបល្ល័ង្គក្រោមពោធិព្រឹក្សទ្រង់បាន ផ្ចាញ់មារ ដែលនាំកូនស្រីក្រមុំទាំងបីនាក់គឺនាង តណ្ហា១នាងអរតី១ និងនាងរាគា១មកបញ្ចូលចិត្តព្រះ
សមណគោតមដើម្បីអោយ ព្រះអង្គលះបង់ការស្វែងរក ការត្រាស់ដឹងចោល តែព្រះសមណ
គោតមពុំមានការចាប់អារម្មណ៏ឡើយធ្វើអោយនាងទាំងបីវិនាសអន្តរធានទៅ។
បន្ទាប់ពីទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលចិត្តព្រះសមណគោតមមកក្រុងមារនៅ តែមានចិត្ត
ឫស្សាចង់ផ្ចាលផ្ចាញ់ព្រះអង្គទៀតមារបានលែងកងទ័ពបិសាចកាចសាហាវតូចធំទាំងឡាយជា

ច្រើនអោយមកច្បាំងដណ្តើមយកបល័្លង្គពីព្រះអង្គទៀត។ មារជិះលើដំរីឈ្មោះគ្រីមេខលា កំពស់១៥០យោជន៍(១យោជន៍មាន១៦គីឡូម៉ែត្រ)និមិត្តដៃមួយពាន់កាន់នូវ គ្រឿងសាស្រ្តាវុធ
គ្រប់ប្រការមាន តំណាលថាមារបានបញ្ចេញកងពលសេនា ដ៏ច្រើនតាន់តាប់មកពីមុខកំរាស់
១២យោជន៏ខាងឆ្វេងស្តាំកំរាស់១២យោជន៍ខាងលើ៩យោជន៍។ ទេវតាទាំងឡាយដែលជានាក់
ថែរក្សាព្រះអង្គ មានសក្កទេវរាជមហាព្រហ្មស្តេច នាគកាឡបានបញ្ចេញរិទ្ធធ្វើអោយកងពល
របស់មារខ្លបខ្លាចរត់ប្រាសអាយុរៀងៗខ្លួន។ កងពលមារមួយកងទៀតលើកមកពីទិសឧត្តរ មារាធិរាជដែលភ័យញញើតស្រែក ប្រាប់ពលរេហ៍ថានែពួកយើង សិទ្ធត្ថនេះមានរិទ្ធបារមីខ្លាំង
ពូកែណាស់ចូរពួកយើងកុំចូលមកចំពីមុខ។ មារចាប់ផ្លែងសអោយកើតជាខ្យល់ព្យុះដែលមាន
កំលាំងបោកបក់ភ្នំអោយរលំបតែខ្យល់នោះមិនបានធ្វើអោយ កំរើកសូម្បីតែជាយស្បង់ចីវរព្រះ
អង្គបន្តិចឡើយ។មារបង្កើតអោយមានភ្លើងរន្ទះផ្លេកបន្ទោរភ្លើងភក់ក្តៅងងឹត សូន្យសុងពីគ្រប់ទិស ទីនិងគ្រឿងប្រហារផ្សេងៗបាចសាចមកលើព្រះអង្គតែគ្រឿងប្រហារទាំងនោះមិនបានបៀតបៀនអ្វីដល់ព្រះអង្គ ឡើយតែក្លាយទៅជាគ្រឿងសក្ការបូជាព្រះអង្គទៅវិញ។ ឃើញដូច
នោះមារាធិរាជក៏បរដំរីដៃកាន់អាវុធ១ពាន់ចូលទៅជិតព្រះអង្គស្រែកគំរាមថា៖« នែសិទ្ធត្ថ!ចូរ
អ្នកដើរចេញពីរតនបល្ល័ង្គ នេះភ្លាមទៅ រតនបល្លង្គនេះរបស់យើង»។ ព្រះសមណគោតមទ្រង់
ត្រាស់ពោលទៅកាន់មារវិញថា«ម្នាលមាររតនបល្ល័ង្គនេះកើតមកមិនមែនសំរាប់រូបអ្នកទេគឺពិត
ជាកើតមកសំរាប់យើងដែលជា អ្នកបំពេញនូវបារមីទេតើអ្នកមិនមែនជាអ្នកបំពេញបារមីទេចូរ
ថយចេញភ្លាមទៅ។

នូវការយល់ដឹងរបស់ព្រះអង្គចំពោះភាវៈខាងគំនិតប្រាជ្ញាជប្រភពនៃសេចក្តីទុក្ខដូចជាការភ័យខ្លាច

ខឹងស្អប់ក្រអឺតក្រអាងច្រណែនប្រច័ណ្ឌលោភនិងល្ងង់ខ្លៅជាដើម។ ក្រុងមាររិតតែខឹងខ្លាំង
ឡើងហើយក៏គ្រវែងចក្រាវុធដ៏មានមុខស្រួចសំដៅព្រះអង្គចក្រាវុធ នោះក៏ក្លាយ ជាពិដានការ
ពារព្រះអង្គទៅវិញឯក្រុមពលមារដែលដកភ្នំគ្រវែងមកលើព្រះអង្គពេលនោះដែ តែភ្នំទាំងនោះ ក្លាយជាកំរងផ្កាបូជាព្រះអង្គទៅវិញ។ដោយទល់គំនិតមិនដឹងនឹងរកអ្វីតទល់ យកឈ្នះលើព្រះ
អង្គបានមារសំលុតព្រះអង្គថាតើព្រះអង្គមានភស្តុតាងគុណធម៌អ្វីជាអាង។
ព្រះពុទ្ធធ្វើការត្រិះរិះថារតនបល្ល័ង្គតែងកើតមានដល់ ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ហើយរតន
បល្ល័ង្គនេះកើតឡើងចំពោះអាត្មាអញហើយក៏សំរាប់តែអាត្មាអញតែម្នាក់ប៉ុណ្ណោះទ្រង់ព្រះចិន្តា
ដូចនេះហើយក៏សួរទៅមារវិញថា «ម្នាលមារបើរតនបល្ល័ង្គនេះជារបស់អ្នក តើអ្នកមានអ្វីជា
សាក្សី? ក្រុងមារឆ្លើយតបដោយខែងរែងថា «ពលរេហ៍យើងទាំងអស់នេះជាបន្ទាល់។ចុះ សិទ្ធត្ថអែងវិញមានអ្វីជាសាក្សី។ ព្រះសមណគោតមទ្រង់លើកព្រហស្ថស្តាំចង្អុព្រះធរណីនិង
អំពាវនាវប្រាប់ធរណី អោយជួយធ្វើសាក្សីទទួលដឹងលឺនូវអំពើល្អ របស់ព្រះអង្គព្រះអង្គទ្រង់
ត្រាស់ថាក្រលាមហារប្រថពីនេះហើយជាសាក្សីរបស់យើង។ សមុទ្ររឺកាយវិការនៃព្រះហស្ថនេះគឺ«ការផ្ចាញ់មារ» រឺថា «ការយក ព្រះធរណីធ្វើជា សាក្សី» គ្រាន់តែមានព្រះបន្ទូលដូច្នេះមហាប្រថពីក៏លាន់រញ្ជួយកក្រើកឡើងទទួលខ្លួនជាសាក្សីបន្ទល់ចំពោះ

ព្រះអង្គក្នុងគ្រានោះព្រះអង្គទ្រង់នឹកដល់ដំរីបច្ច័យនាគេន្ទដែលព្រះអង្គទ្រង់ ប្រទានដល់
អ្នកស្រុកកលិង្ករាស្រ្តកាលព្រះទ្រង់សោយព្រះជាតិជាវេស្សន្តពោធិសត្វគ្រានោះ ដំរីគ្រីមេខលា
ដែលជាអតីតជាតិជានាគេននោះក៏អោនក្បាលលុតជង្គង់ក្រាបថ្វាយបង្គំ ព្រះអង្គដោយគោរព ឬនាងគង្ហីងព្រះធរណីបានចេញមកហើយយកដៃស្បូតសក់ហូរចេញ ជាទឹកក្លាយជាសមុទ្រ លេចពលរេហ៏មហាមារអស់ ជាច្រើនមហាមារឃើញដូច្នោះហើយក៏ ក្រាបថ្វាយបង្គំព្រះអង្គ
ដោយសរសើរថា «បពិតមហាបុរសអ្នកជាអ្នកមានញាណញេយ្យដ៏អស្ចារ្យ មែនយើងខ្ញុំព្រះ
ករុណា សូមនមស្សការដោយគោរព»។
ព្រលឹមអរុណរះព្រះនាងសុជាតាបានរៀបចំម្ហូបអាហារដើម្បីយកទៅថ្វាយបូជាដល់ដើមពោធិ

ព្រឹក្សដែលព្រះនាងបានធ្វើការបន់ស្រន់សុំរាជបុត្រនៅទីនោះមកដល់ដើមពោធិព្រឹក្សព្រះនាង ទ្រង់យល់ឃើញព្រះសម្មាសម្ពុទ្ធត្រេកអរប្រកបដោយសទ្ធាជ្រះថ្លាជាក្រៃពេក ហើយបានថ្វាយ
មធុបាយាសឭដ៏ភាជន៍មាសដល់ ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ពូតមធុបាយាសជា៤៩ពំនូត ហើយទ្រង់សោយទ្រង់ បានយកភាជន៍មាសគ្រវែងចូលទៅ ក្នុងគង្គារដែលលិចទៅបះទង្គិច
ភាជន៍មាសនៃ ព្រះពុទ្ធអង្គមុនធ្វើអោយនាគរាជដែលកំពុង ដេកលក់ភ្ញាក់ឡើងហើយប្រកាស
ថាឱ!មានព្រះពុទ្ធត្រាស់ដឹងមួយអង្គទៀត ហើយតើ !៕
ព្រះសមណ គោតម បានត្រាស់ជាព្រះពុទ្ធ នៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា។

បឋមទេសនា


ព្រះពុទ្ធទ្រង់ត្រាស់ថា សភាវៈធម៌របស់តថាគតអញនេះរមែងមិនញ៉ាំងសត្វទាំង ឡាយ
ណាដែលដិតជាប់កាមអោយត្រាស់ដឹងបាន ឡើយតថាគតនឹងមិនធ្វើការប្រៀន ប្រដៅដល់
សត្វលោកដោយប្រការយ៉ាងនោះឡើយ។ គ្រានោះសហម្បតីព្រហ្មជាឥសីលោកាទ្រង់ចូល
គល់ព្រះសាស្តាឳនសិរសាលើកដៃបង្គំអារាធនាអោយព្រះអង្គទ្រង់ប្រោស ប្រណីដល់សត្វនា
នាព្រះពុទ្ធក៏ទ្រង់អនុគោលយល់ព្រមទទួល សំដែងធម៌ទេសនាអោយសត្វ លោកដោយ
ករុណាតាំងពីពេលនោះមក។
ព្រះពុទ្ធទ្រង់និមន្តទៅកាន់ក្រុងពារាណសីចូលទៅព្រៃឥសីបទនមិគទាយវ័ជាទីស្នាក់ អាស្រ័យ
នៃបញ្ចវគិយ៏ភិក្ខុ ភិក្ខុ៥អង្គបានឃើញព្រះពុទ្ធទ្រង់យាងមកពីចំងាយក៏ជំនុំប្រាប់គ្នាថា យើងទាំងឡាយចូរកុំធ្វើគារវបង្គំព្រះសិទ្ធត្ថដែលអស់សេចក្តីព្យាយាមរលីងហើយ នោះអោយ
សោះតែដោយអំណាចបុណ្យបារមីនៃព្រះអង្គពេលដែលព្រះពុទ្ធទ្រង់យាងមកដល់ បញ្ចវគីយ៏ ទាំងប្រាំបែរជាក្រាបបង្គំនិមន្តព្រះតថាគតដោយជ្រះថ្លាក្រៃលែងទៅវិញ។
ព្រះអង្គទ្រង់សន្តោសប្រោស ទេសនាធម្មចក្រកប្បវត្តនសូត្រដែលហៅថាបថម ទេសនា
ប្រោសដល់បញ្ចវគីយ៍បានសំរេចសោតាបត្តមគ្គក្នុងគ្រានោះឯងតាំងពីពេលនោះមកមាន
មនុស្សជាច្រើនបានចូលទៅបួសរៀន ក្នុងសំណាក់ព្រះអង្គហើយបានសំរេចមគ្គផលទៅតាម

ការគួររៀងៗខ្លួន។ ព្រះអង្គទ្រង់យាងទៅកាន់ក្រុងកបិលពស្តុចូលទៅកាន់សំណាក់ ព្រះបាទ
សុទ្ធោទនបិតានិង ព្រះនាងពិម្ពាជាព្រះជយាព្រះនាងពិម្ពាទ្រង់បង្គាប់អោយរាហុលបុត្រ ចូល
ទៅសុំចែកទ្រព្យសម្បត្តិពីសំណាក់បិតាព្រះពុទ្ធក៏ទ្រង់បំបួសរាហុលជាសាមណេរ តាំងពីពេល
នោះមក។

ពុទ្ធកិច្ច

ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច ៥ប្រការជានិច្ចអស់រយៈពេល ៤៥វស្សាគឺ៖
-នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត
-នៅពេលរសៀលទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន
-នៅពេលព្រលប់ទ្រង់ប្រទានឱវាទដល់ភិក្ខុសង្ឃទាំងឡាយ
-នៅពេលកណ្តាលអធ្រាត ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ
-នៅពេលជិតភ្លឺ ទ្រង់ប្រមើលមើលសត្វដែលមាននិស្ស័យ និងឥតនិស្ស័យ។

ដាក់ព្រះជន្ម

ពេលចេញវស្សាទី៤៥ក្នុងព្រះជន្មាយុ៨០ព្រះវស្សានាថ្ងៃ១៥កើតពេញបូណមី ខែមាឃ ឆ្នាំម្សាញ់ព្រះពុទ្ធទ្រង់ដាក់អាយុសង្ខារ ដោយប្រាប់មារថាព្រះអង្គនឹងចូលបរិនិព្វានក្នុងរយះពេល ៣ខែទៀត។
ព្រះភិក្ខុសង្ឃទាំងឡាយជាសាវកជាពិសេសគឺព្រះអានន្ទជាអ្នកបំរើ ព្រះអង្គផ្ទាល់កាលបើដឹង
ថាព្រះពុទ្ធបានកំណត់អាយុសង្ខាររួចទៅហើយយំសោកស្តាយអាយុសង្ខារ ព្រះអង្គយ៉ាងខ្លាំង មិនទាន់ចង់អោយព្រះអង្គ ចូល បរិនពា្វនឡើយ។

ការបរិនិពា្វន


ក្រោយពេលដាក់ព្រះជន្មរួចហើយព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ទិសទីហើយនៅទីបំផុតព្រះអង្គទ្រង់យាងទៅដល់ នគរកុសិនារាព្រះអង្គទ្រង់ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយ
សាច់ជ្រូកដែលប្រគេនដោយនាយចុន្ទៈទ្រង់យាងចូលទៅដល់ព្រៃសាលវន្ត ហើយទ្រង់ត្រាស់
អោយអានន្ទរៀបកន្លែងថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅ ខាងស្តាំព្រះបាទឆ្វេងត្រួតលើ
ព្រះបាទស្តាំ។ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមាន ហើយផ្តុំឡើង ហើយតែងមានសភាវៈធម៌និងរលត់ទៅវិញជាធម្មតាអ្នកទាំងឡាយចូរញ៉ាំង ប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ»។ ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ខន្ធក្នុងពេលនោះទៅ។
ព្រះពុទ្ធចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគ.ស. ក្នុងព្រះជន្ម ៨០ឆ្នាំ។
កត់សំគាល់
ការសិក្សាពុទ្ធប្រវត្តិធ្វើអោយយើងកត់សំគាល់បានយ៉ាងស្រួលដូចតទៅនេះ ៖
ទ្រង់ប្រសូត ថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។
ត្រាស់ដឹង ថ្ងៃពុធ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំ រកា។
ដាក់ព្រះជន្ម វស្សាទី៤៥ ថ្ងៃ ១៥កើតពេញបូណ៌មី ខែមាឃ ឆ្នាំម្សាញ់។
បរិនិពា្វន ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។

ចប់ពុទ្ធប្រវត្តិសង្ខេបតែប៉ុណ្ណេះ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: